កំណាព្យទី ០៨ : បុណ្យភ្ជុំហើយកូន
កូនៗជាទីស្រលាញ់របស់ម៉ែ តើកូនមាននឹកដល់ម៉ែខ្លះដែរទេ ? ប៉ុន្ដែចំណែកម៉ែវិញ គឺពិតជានឹកកូនៗទាំងអស់គ្នាខ្លាំងណាស់ តើកូនអាចមកលេងម៉ែផងបានទេ ....?
រដូវបិណ្ឌភ្ជុំ ម៉ែយំចាំផ្លូវ
( បទពាក្យ៨ បន្ទាប់ធម្មតា )
✍ ម៉ោងបួនទៀបភ្លឺម៉ែឮបរា ( បរាភវសូត្រ )
ម៉ែផ្អៀតសោតាប្រាថ្នាចាំស្ដាប់
ពិរោះលន្លោចហាក់ដូចសារសព្ទ
រៀបរាប់រ៉ាយរាប់ប្រាយប្រាប់រូបម៉ែ ។
✍ ថាកូនឃ្លាតឆ្ងាយតែកាយទេថ្លៃ
រៀងរាល់យប់ថ្ងៃស្រម៉ៃតែស្រែ
ឃ្លាតតែមួយថ្ងៃអាល័យមួយខែ
ចិត្ដមិនប្រួលប្រួលប្រែសោះឡើយ ។
✍ មួយពីរបីរោចម៉ែដូចមិនខ្វល់
ដប់រោចចាប់ឆ្ងល់រចល់ឥតស្បើយ
ព្រឹកថ្ងៃម៉ែត្រូវចាំផ្លូវត្រាណត្រើយ
ទ្រូងម៉ែឥតណ្ហើយបាត់អស់ក្ដីសុខ ។
✍ ទូរស័ព្ទក៍បាត់ប្រែស្ងាត់សូន្យឈឹង
ម៉ែអស់រំពឹងដេកធ្មឹងសំកុក
ចាំទាំងធុញថប់សន្លប់ចាប់ចុក
ឱរាក្ដួលក្ដុករំអុកនឹកកូន ។
✍ វិលមកវិញណាជីវ៉ាមាសម្ដាយ
ទោះគ្មានប្រាក់ចាយសប្បាយបងប្អូន
បើកូនវិលហើយម៉ែស្បើយស្រពោនុន
សូមកូនធ្វើក្បួនសណ្ដូនរូបម៉ែ ។
✍ ទុក្ខព្រោះចង់ជួបរួមរូបពិសី
អត់ឃ្លានគ្មានថ្វីឥតបីត្អូញត្អែរ
សុំត្រឹមជួបភក្រ្ដវរលក្ខណ៍មាសស្នេហ៍
វិញមករកស្រែកុំប្រែណាកូន ៕ ៚
រូបភាព ហ្វេកប៊ុក
ងន សារ៉ាវុធ
No comments :
Post a Comment