Wednesday, September 28, 2016

តើបងខុសឬ?


នៅក្នុងសួនច្បារមួយកន្លែងអមដោយធម្មជាតិស្រស់បំព្រងពណ៌ខៀវស្រងាត់និងមនុស្សម្នាច្រើនកុកករកំពុងតែលំហែកម្សាន្តនៅរល្ងាចថ្ងៃសៅរ៍ ចុងសប្តាហ៍។ នៅលើបង់កៅអីមួយអបដោយរូបភាពស្រាបៀអង្គរជ្រកក្រោមកំពូលប្រាសាទអច្ចរិយរបស់ខ្មែរគឺ ប្រាសាទអង្គរវត្ត ដែលដជាបេតិកភណ្ឌពិភពលោកពណ៌ក្រហមឆ្អិនឆ្អៅ…កំលោះ ក្រមុំពីនាក់កំពុងតែជជែកគ្នាពីនេះ ពីនោះ...

រៀងរាល់ល្ងាចថ្ងៃសៅរ៍ អាទិត្យ បូរា និង ពិសី តែងស្កាត់ជួបគ្នាបន្តិចមុនពេលចេញទៅផ្ទះ ក្រោយពីពួកគេចេញពីធ្វការ។ ពិសី មានជាកាដូជូនដល់ បូរា និងបាននិយាយថា «វានៅជាមួយខ្ញុំយូរហើយ ហើយអូនស្រឡាញ់ និងថែទាំវាបានយ៉ាងល្អទៀតផង…» ឥឡូវនេះគឺ អូនប្រគល់វាជូនទៅបង សូមបងជួយមើលថែវាឲ្យបានគង់វង្សនិងឲ្យបានល្អផង!
បូរានិយាយបតថា៖

 មិនអីទេអូនសី! ចាំបងថែទាំវា ជាពិសេសនឹងងូតទឹកឲ្យវាឲ្យបានទៀងទៀតផង។ សូមអូនកុំបារម្ភអី !
 ពិសី ៖ ចឹងគឺល្អហើយបង អូនទុកចិត្តលើបងហើយ

ក្រោយពីពេលនោះមកពួកគេពុំសូវបានណាត់ជួបគ្នាទៀតទេ ព្រោះតែរវល់ការសិក្សា និងបន្ថែមការងារច្រើនទៀត។  កន្លងទៅជិតមួយខែ បូរា បានហៅទូរសព្ទទៅ ពិសី ដោយនិយាយថា «អាឡូអូនសី! ល្លាចនេះទំនេរទេ? បើទំនេរបងចង់ណាត់ជួបអូននៅកន្លែងចាស់បន្តិច ព្រោះពួកយើងខានជួបគ្នាយូរមកហើយ…
ពិសីតបវិញថា ៖ បានតើហ៍បង ព្រោះល្ងាចនេះអូនក៏ទំនេរដែរ...
ពេលជួបគ្នា បូរា ក៏បានដឹកឆ្កែ ដែលពិសីជូនកាលពីគ្រាមុននោះទៅដែរ។ ពេលទៅដល់កៀកជិតគ្នា មិត្តប្រុសក៏និយាយថា ម៉េចដែរអូន “ពិសី” របស់បងស្អាតជាងមុនទេ?
មិត្តស្រីសួរថា «ស្អីគេ! ឈ្មោះអូនពិសី?»  នាងនិយាយបន្ថែម «ម៉េចបងយកឈ្មោះខ្ញុំដាក់ឲ្យសត្វឆ្កែទៅវិញចឹង?» នាងខឹងខ្លាំងណាស់ និយាយរួចហើយ ក៏ដើរទៅវិញបាត់ ដោយមិនបានស្តាប់ពាក្យបកស្រាយរបស់ បូរា ជាមិត្តប្រុសរបស់គេនោះទេ…។  បូរា ក៏ឱនមុខចុះ ហើយដើរត្រឡប់ទៅវិញដែរ។
ដោយសារតែចង់បកស្រាយរឿងនេះឲ្យច្បាស់ តែមិត្តស្រីរបស់ខ្លួនមិនព្រមស្តាប់ ទើបធ្វើឲ្យគេដាច់ចិត្តសរសេរជា Status នៅក្នុងហ្វេសប៊ុកដោយសេចក្តីថា « បងចង់និយាយរឿងសំខាន់មួយដែលអូនមនចង់ស្តាប់…ប្រហែលជាអូនខឹងនឹងបងដែលបានយកឈ្មោះអូនមកដាក់ឲ្យឆ្កែដែលអូនឲ្យបងនេះហើយ? តែបងចង់ប្រាប់ថាការដែលបងយកឈ្មោះអូនមកដាក់ឲ្យឆ្កែនេះ មកពីបងនឹកអូនខ្លាំងពេក ម្យ៉ាងទៀតអូន គឺនារីដែលទន់ភ្លន់ស្រស់ស្អាតគួរឲ្យស្រឡាញ់ ហើយឆ្កែដែលអូនបានឲ្យបងនេះ គឺក៏មានចរិតត្រឹមត្រូវ ស្លូតណាស់ ជាពិសេសស្អាតគួរឲ្យស្រឡាញ់ទៀតផង ហើយបងក៏នឹកឃើញអូនជានិច្ច នឹកគ្រប់វេលា ដើម្បីជាការំលឹកដល់អូនពេលបងនឹក ទើបបងយកឈ្មោះអូនមកដាក់លើរបស់ដែលបងស្រឡាញ់ (ឆ្កែ) ជាពិសេសគឺ អូនក៏ស្រឡាញ់ដូចគ្នាដែរ។ បើធ្វើយ៉ាងនេះ បងខុសមែនគឺ បងគ្មានអ្វីនិយាយបន្ថែមទៀតទេ ហើយបងក៏គ្មានសិទ្ធិនិយាសុំទោសអូនដែរ ព្រោះតែអូនលែងចង់ស្តាប់ពាក្យសម្តីរបស់បងទៅហើយ...» ។
ពីមនុស្សប្រុសម្នាក់ដែលធ្លាប់ស្រឡាញ់អូន និងស្រឡាញ់អូនជារៀងរហូត…Bora

អត្ថបទដោយ មនោ វិជ្ជា
៙រក្សាសិទ្ធិគ្រប់យ៉ាង

No comments :

Post a Comment