Thursday, September 15, 2016

ប្រទេសជាតិនីមួយៗតែងមាន​​អក្សរសាស្ត្ររៀងៗខ្លួន​​​ ​ដោយ​​ខំ​​លើកតម្កើងអក្សរសាស្ត្រជាតិ​​​ឲ្យមានភាពល្បីរន្ទឺក្នុង​​ឆាក​អន្តរ​ជាតិ និងឲ្យ​មាននិរន្តរភាព។ ស្របគ្នានេះដែរកម្ពុជា​​ជាប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ ភាសា អក្សរ យ៉ាងត្រចះត្រចង់ក្នុងឆាកអន្តរជាតិ​ និងមានអក្សរសាស្ត្រ​យ៉ាងចំណាស់នៅក្នុងអាស៊ីអាគ្នេយ៍​​ ​ប៉ុន្ដែផ្ទុយទៅវិញ​​ និស្សិតដែល​សិក្សាជំនាញ​នេះភាគ​​ច្រើន​តែងលើកឡើង​ត​ៗគ្នា​​​​ថា មិនសូវមាន​ទីផ្សារការងារ​ មិនសូវមានអ្នក​​ឲ្យតម្លៃ​​ និងមិនសូវត្រូវប៉ាន់ជាដើម។ ម្យ៉ាងទៀតសោត និស្សិត​ដែលរៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរទាំងនោះក៏ត្រូវគេមើលឃើញដែរថា ​ក្រៅតែ​ពី​ប្រឡង​ចូល​ក្រប​ខណ្ឌ​ក្រសួង​អប់រំ យុវជន និងកីឡា ធ្វើ​ជាគ្រូបង្រៀនហើយនោះ និស្សិតដែលបញ្ចប់ការសិក្សាផ្នែកនេះភាគច្រើន គឺធ្វើការខុសជំនាញ ដូច្នេះហើយ​ទើបមានភាគរយតិចបំផុតនៃការសិក្សារបស់និស្សិត​ចំពោះផ្នែកនេះនៅតាមមហាវិទ្យាល័យ​​នីមួយ​ៗ​​។ ជុំវិញនឹងបញ្ហាលើកឡើងនេះ​ លោក ធា សុកម៉េង ដែល​​ជាសាស្ត្រា​​ចារ្យនិងជាប្រធានដេប៉ាតឺម៉ង់ អក្សរសាស្ត្រខ្មែរ នៃ​សាកល​​វិទ្យា​ល័យភូមិន្ទភ្នំពេញ ​បានប្រាប់ ឌិ អ៊ីនធ័រ​ខន រ៉ូស្ទ័រ ថា៖ “​​ទស្សនៈនេះ​អាច​​ត្រូវខ្លះៗ​ដែរ ព្រោះ​​បច្ចុប្បន្ននេះមុខវិជ្ជាដែលឆ្លើយតបទៅនឹងការងារ​​ទីផ្សារភាគច្រើនមាន​ផ្នែក​ជំនួញ ធនាគារ សេដ្ឋកិច្ច និង​អាជីវកម្មជាដើម​។​ ដូច្នេះគេតម្រូវកា​រ​​មុខវិជ្ជា និងភាសា​​ដែលឆ្លើយតបទៅនឹងទីផ្សារគេ​ ដូចជា​​​ភាសាចិន និងភាសាអង់គ្លេស ​​ព្រោះសេដ្ឋកិច្ចប្រទេស​កម្ពុជា​​​​ស្ថិតនៅក្រោមចំណុះសេដ្ឋកិច្ច​ និងការ​វិនិយោគ​ពីបរទេស​ គឺតម្រូវឲ្យមាន​អ្នកចេះភាសា​​ និងចេះ​មុខជំនាញ​នៃ​ក្រុមហ៊ុនគេ ដូច្នេះទើប​គេមិនសូវត្រូវការមុខវិជ្ជាអក្សរសាស្ត្រ​ខ្មែរ​“។ លោកសាស្ត្រាចារ្យរូបនេះបានសង្កត់ធ្ងន់ថា៖ “មុខវិជ្ជា​អក្សរសាស្ត្រខ្មែរ បើ​​គិតឲ្យបានវែងឆ្ងាយ​គឺមាន​​​សារៈ​សំខាន់យ៉ាងធំធេង​ ព្រោះជាអត្តសញ្ញាណជាតិមួយ​ដែលផ្ដល់នូវចំណេះ​ដឹងដល់កូនខ្មែរផ្នែកភាសាជាតិ អក្សរសាស្ត្រ ព្រោះបើវប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន​។​ជាក់ស្ដែងនៅពេល​បញ្ចប់បរិញ្ញា​​បត្រ​ផ្នែកនេះ និស្សិតក៏អាចប្រឡងចូលក្របខណ្ឌក្រសួងដើម្បីធ្វើជាសាស្ត្រាចារ្យ ​​ប្រឡងចូលមន្ទីរ និង​ក្រសួងពាក់ព័ន្ធ​ គឺ​ភាគ​ច្រើនជាការងារ​រដ្ឋ​។​ បើនិយាយពី​អក្សរសាស្ត្រ​ខ្មែរ​សម័យដើម គឺគេឲ្យតម្លៃខ្លាំងទៅ​លើអ្នកសិក្សា​មុខ​វិជ្ជានេះ​ ព្រោះមានចំណេះដឹងទូលំទូលាយ ងាយស្រួល​ប្រកបមុខរបរ​ផ្សេងៗក្នុងសង្គម តួយ៉ាងធ្វើជាគ្រូ​អ្នកនិពន្ធ អ្នកសា​ព័ត៌មាន ​​​​អ្នកអភិប្រាយ ស្មៀន ការទូត ឬអ្នកនយោបាយជាដើម។ ពោលប្រភព​អ្នកនយោបាយភាគច្រើនគឺចេញមកពីអក្សរសាស្ត្រនេះ​ឯង​ ព្រោះ​​ជាប្រភេទមុខវិជ្ជាដែលបណ្ដុះឲ្យមានគំនិត​​​មូលដ្ឋានទូលំទូលាយ ​ពូកែវិភាគ មាន​​ទ្រឹស្ដីល្អ និងចក្ខុវិស័យវែងឆ្ងាយ​”​​។ ​​​ ​ ប្រធានដេប៉ាតឺម៉ង់រូបនេះបញ្ជាក់បន្ថែមថា៖ “​ចំពោះអ្នកដែលលើកឡើងថា មុខវិជ្ជានេះមិនសូវមានតម្លៃ នោះក៏ព្រោះតែមិនយល់ពីតម្លៃនៃមុខវិជ្ជានេះ មិនយល់ពីតម្លៃនៃចំណេះជំនាញផ្នែកនេះ ឬអាចនិយាយបានថា មកពីគាត់​​​មើលឃើញ​​​ខ្លី ​និងមិនបាន​គិតឲ្យបានវែងឆ្ងាយជាដើម។ ​​ឧបមាថាជាងដែក គឺគេយល់​ពីតម្លៃរបស់ដែក ប៉ុន្តែអ្នកដែលមិនមែនជា​ជាង​ដែក គឺមិនយល់ពីតម្លៃនៃ​ដែកនោះឡើយ ហើយក៏រឹតតែមិនដឹងថាដែកនោះយកទៅច្នៃធ្វើអ្វីទៀតបានដែរ​។ ក៏ដូចគ្នា ដែរ ចំពោះអ្នកដែលគ្រាន់តែប្រាថ្នារៀនយកសញ្ញាបត្រផ្នែកនេះ​ នោះច្បាស់ជាពុំយល់ពីតម្លៃពិតនៃមុខវិជ្ជានេះទេ ហើយក៏ពិតជាពិបាករកការងារធ្វើដែរ ព្រោះមិនយល់ពីខ្លឹម ឬប្រយោជន៍ដែលកើតចេញពីអ្វីដែលខ្លួនបានរៀន”។ ស្រដៀងគ្នា​នេះដែរ លោក ហួន សុខហៀង ជានិស្សិតបញ្ចប់​ថ្នាក់​​បរិញ្ញា​បត្រ​អក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ បានលើកឡើងថា៖ “មូលហេតុដែលជ្រើសរើសយកមុ​ខ​​​វិជ្ជានេះ ពីព្រោះជាមុខវិជ្ជាមួយដែលខ្លួនស្រឡាញ់ និងចូលចិត្ត។​ ​ពេលចូលរៀន​នៅថ្នាក់មហាវិទ្យាល័យ​​​​បានពាក់កណ្ដាល​​គិតថា ​មុខវិជ្ជាអក្សរសាស្ត្រខ្មែរ ជាមុខ​វិជ្ជាដែលពិបាក​រកការ​ងារធ្វើ ដូច្នេះគិតថា​​បើ​​ថយក្រោយមិនកើតទេ ត្រូវតែបណ្ដុះចិត្តខ្លួនឯង​​ឲ្យស្រឡាញ់ និងចូលចិត្ត​មុខវិជ្ជាហ្នឹង​ ​ហើយខំរៀន និងស្រាវជ្រាវ ចំណុចទាំងនេះធ្វើឲ្យ​ខ្ញុំរៀន មុខវិជ្ជា​អក្សរសាស្ត្រកាន់តែពូកែ​ លុះនៅ​​ពេលចេះ​​ច្បាស់ទើបដឹងថា​មិនខ្វះ​ការងារធ្វើឡើយ​ ហើយទីផ្សារការងារនៃមុខវិជ្ជានេះ មិនជាចង្អៀលនោះទេ“។ សុខហៀង បន្ថែមទៀតថា៖ “មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ ជាមុខវិជ្ជាមួយដែលស្រួល​​រកប្រាក់ចំណូល​ និងមាន​ទីផ្សារយ៉ាងទូលំទូ​លាយបើចេះ​​ច្បាស់ ព្រោះក្រៅពីប្រឡង​ចូលក្របខណ្ឌរដ្ឋធ្វើជាគ្រូបង្រៀន ក៏អាច​បង្រៀន​​នៅតាមសាលាអន្តរជាតិ ​​ធ្វើជាអ្នកចងក្រងសៀវភៅ ​​ធ្វើជាអ្នកដឹក​នាំ​​ក្រុមការងារ ធ្វើជាអ្នកស្រាវជ្រាវ ឬ​​ធ្វើជាអ្នកបង្ហាត់បង្ហាញនៃ​ផ្នែកវប្បធម៌ដល់ជនបរទេស ​បង្រៀនភាសាខ្មែរដល់ជនបរទេស និងពិសេសធ្វើជាអ្នកបកប្រែជាដើម ពោលជំនាញនេះកំពុងមានប្រជាប្រិយសម្បើមណាស់នាពេលបច្ចុប្បន្ន”។​ សូមជម្រាបជូនថា អ្នកជំនាញផ្នែកនេះផ្ដល់ជាយោបល់ថា បើគិតមិនបានស៊ីជម្រៅ នោះច្បាស់ណាស់នឹងថា មុខ​​វិជ្ជាអក្សរសាស្ត្រខ្មែរមិនសូវត្រូវប៉ាន និងគ្មាន​​ទីផ្សារក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នទេ ប៉ុន្តែ​បើសម្លឹងមើលឲ្យបានវែងឆ្ងាយនោះ គឺមិនដូចជាអ្វីដែលគេបានលើកឡើងនោះឡើយ។ ម្យ៉ាងដើម្បី​ឲ្យមហាជនយល់ពីតម្លៃនៃមុខវិជ្ជានេះ អ្នកជំនាញបានស្នើដល់ក្រសួងដែលពាក់ព័ន្ធ រាជរដ្ឋាភិបាល គួរតែបន្ថែមការលើកទឹកចិត្ត បង្កើនការផ្សព្វផ្សាយ ​និងលើកតម្កើង​ឲ្យទូលំទូលាយ នោះទើប​​គេយល់ពីតម្លៃច្បាស់៕​ អត្ថបទ៖ ហង្ស ពណ្ណរាយ ផ្សាយថ្ងៃទី១២ កញ្ញា ២០១៦ ​

No comments :

Post a Comment