កំណាព្យទី៧ សម្រាប់រដូវកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ!
នៅពេលដែលអ្នកឃ្លាតឪពុកម្ដាយ តើអ្នកនឹកដល់លោកទាំងពីរដែរឬទេ? ចំពោះខ្ញុំបាទ នឹកខ្លាំងណាស់!
នរណាមិននឹក
✍✍✍✍
👉 ដីលង់ទឹកភ្លៀងសំនៀងក្អាត់យំ
រសៀលគងភ្នំមេឃជុំងងឹត
ចាប់ចុងសង្កែត្អូញត្អែរជីវិត
បុណ្យភ្ជុំខិតជិតកូនពិតនឹកស្រុក ។
👉 ផ្គរថ្ងូរគ្រលួចចិត្ដកួចនឹកស្រែ
នឹកណាស់ពុកម៉ែកូនប្រែអផ្សុក
មើលភ្លៀងជិតជុំចាបយំសំកុក
កូនសែននឹកស្រុកកើតទុក្ខពេកក្រៃ ។
👉 កូនឃ្លាតឆ្ងាយស្រុកឆ្ងាយពុកនឹងម៉ែ
ចូលក្រុងឆ្ងាយស្រែតែងតែស្រម៉ៃ
គេងកើយភ្លៅម៉ែពុកថែយប់ថ្ងៃ
សុខសាន្ដនិស្ស័យក្នុងក្ដីសុបិន ។
👉 ពេលនេះឆ្ងាយពេកមើលមេឃនឹកអ្នក
ស្ដាប់ភ្លៀងផ្គរធ្លាក់ចិត្ដសង្កិន
សមសៀងចាបយំជិតដល់ភ្ជុំធំ
ខ្មែរមិនមែនចិននរណាមិននឹក ៕
ងន សារ៉ាវុធ
No comments :
Post a Comment